Tuesday, May 15, 2018

តើវិទ្យាសាស្ត្រជាអ្វី?


មុននឹងឈានទៅកំណត់និយមន័យថា តើវិទ្យាសាស្រ្តជាអ្វីនោះ យើងគួរគប្បីយល់ពាក្យថា តើពុទ្ធិជាអ្វី?

 តើវាមានប្រភពមកពីណាខ្លះ?ជាមុនសិន។ មរតកជីវសាស្រ្តមនុស្សបានបង្ករលក្ខណៈងាយស្រួលដល់ការទទួលយកនូវការបណ្តុះបណ្តាលពុទ្ធិ។ ពុទ្ធិ គឺជាបទពិសោធន៍របស់មនុស្សដែលទទួលបានតាមរយៈនៃការធ្វើសង្គមនីយកម្ម។​ ពុទ្ធិនេះត្រូវបានគេចែកចេញជាបីប្រភេទសំខាន់ៗ គឺពុទ្ធិអព្ភន្តញ្ញាណ(intuition) ពុទ្ធិធម្មតា (Common Sense) និងពុទ្ធិវិទ្យាសាស្រ្ត (Rational Experience)
- ពុទ្ធិអព្ភន្តញ្ញាណ
ពុទ្ធិអព្ភន្តញ្ញាណ គឺជាសមត្ថភាពរបស់មនុស្សក្នុងការយល់ដឹងអំពីអ្វីមួយភ្លាមៗដោយមិនចាំបាច់ឆ្លងកាត់ការពិចារណា។ វាជាទម្រង់នៃទស្សនវិជ្ជាដែលកើតឡើងដោយស្វ័យប្រវត្តិ ដោយមិនឆ្លងកាត់ការគិត ការពិចារណាទេ តែលទ្ធផលនៃការវិន្នច្ឆ័យពីអ្វីមួយប្រកបដោយហេតុផល និងដំណោះស្រាយបញ្ហា។ ពុទ្ធិអព្ភន្តញ្ញាណនេះ អាចកើតមានចំពោះតែបុគ្គលមួយចំនួនប៉ុណ្ណោះ។
- ពុទ្ធិធម្មតា
ពុទ្ធិធម្មតា គឺជាពុទ្ធិទូទៅ ឬ ជាពុទ្ធិដែលមនុស្សទទួលបានតាម   រយៈអង្គវិញ្ញាណ។ វាគឺជាពុទ្ធិដែលមានគ្រប់បុគ្គលទាំងអស់ ឲ្យតែបុគ្គលនោះបានរស់នៅ និងមានអន្តរកម្មជាមួយសង្គមក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។​ ពុទ្ធិធម្មតា មានដូចជា ទំនៀមទំលាប់ប្រពៃណី  ជំនឿ សាសនា។ល។
- ពុទ្ធិវិទ្យាសាស្រ្ត
ពុទ្ធិវិទ្យាសាស្រ្ត គឺជាពុទ្ធិដែលផ្អែកលើការរកឃើញនូវមូលហេតុ ការកំណត់នូវមូលហេតុដែលមានទំនាក់ទំនងគ្នា ហើយបង្កីតបាននូវតថភាព និងទ្រឹស្តីដែលមានលក្ខណៈជាសាកល។ វាគឺជាប្រព័ន្ធ និងជាទម្រង់នៃបញ្ញាញាណរបស់មនុស្ស ដែលត្រូវបានគេបង្កើតឡើងតាម  រយៈនៃការសិក្សា ការពិសោធន៍ទៅលើបាតុភូតធម្មជាតិ និងបាតុភូតសង្គមហើយអាចពិព៌ណនា​ ពន្យល់ ព្យាករណ៍ និងគ្រប់គ្រងវាបានសម្រាប់បម្រើឲ្យផលប្រយោជន៍មនុស្សជាតិ។
សរុបសេចក្តីទៅវិទ្យាសាស្ត្រ ជាអង្គនៃពុទ្ធិដែលមានលក្ខណៈជាប្រព័ន្ធ។ វាគឺជាពុទ្ធិដែលមានលក្ខណៈច្បាស់លាស់ និងមានលក្ខណៈជាសាកល ដែលអាចត្រូវបានគេប្រើប្រាស់ដើម្បីពិព៌ណនា​ ពន្យល់ និង ព្យាករណ៍ពីតថភាពនៃបាតុភូតធម្មជាតិ និង​សង្គមបានយ៉ាងពិតប្រាកដ។ ខាងក្រោមនេះគឺជាលក្ខណៈជាទូទៅនៃវិទ្យាសាស្ត្រ 
Ø រាល់គ្រប់វិទ្យាសាស្ត្រទាំងអស់ សុទ្ធតែមានកម្មវត្ថុសិក្សារបស់វាច្បាស់លាស់។ បាតុភូតធម្មជាតិ និងបាតុភូតសង្គមមិនអាចឲ្យគេសិក្សារួមជាមួយគ្នាបានទេ។ ដូច្នេះវិទ្យាសាស្ត្រនីមួយៗត្រូវតែជ្រើសរើសនូវទិដ្ឋភាពដាច់ដោយឡែកណាមួយនៃធម្មជាតិ ឬ សង្គមដើម្បីធ្វើជាកម្មវត្ថុសិក្សារបស់ខ្លួនឲ្យបានជាក់លាក់។
Ø វិទ្យាសាស្ត្រ គឺមានវិធីសាស្ត្រក្នុងការស៊ើបអង្កេតចំពោះបាតុ​ភូតធម្មជាតិ ឬ បាតុភូតសង្គម។ មានអ្នកប្រាជ្ញជាច្រើនបានប្រកាន់ខ្ជាប់នូវទស្សនៈថា កម្មវត្ថុសិក្សាអាចមានច្រើនជាងវិធីសាស្ត្រនៃការសិក្សា។
Ø  វិទ្យាសាស្ត្រមានការចាប់អារម្មណ៍ជាសំខាន់ទៅលើការស្វែងរកឲ្យឃើញនូវភស្តុតាងដែលជាមូលហេតុចម្បងសម្រាប់ការកំណត់ការពិត។ វិទ្យាសាស្ត្រ គឺមានភាពច្បាស់លាស់ជាងឧត្តមគតិ។
Ø វិទ្យាសាស្ត្រ គឺការពិត និងមានលក្ខណៈជាសាកល។ វាអាចកំណត់បាននូវរាល់គ្រប់ស្ថានភាពដោយពុំគិតដល់ពេលវេលា និងបរិយាកាសឡើយ។ ការពិត គឺជាលទ្ធភាព និងជាឆន្ទៈក្នុងការសិក្សាពីព្រឹត្តិការណ៍ដើម្បីស្វែងយល់ពីអ្វីមួយ។
Ø គោលំណងដ៏ចម្បងរបស់វិទ្យាសាស្ត្រ គឺការរកឲ្យឃើញនូវចម្លើយនៃកម្មវត្ថុ និងព្រឹត្តិការណ៍ពិតប្រាកដ។ គោលបំណងដ៏ខ្ពស់របស់វិទ្យាសាស្ត្រ គឺការពិត។
Ø វិទ្យាសាស្ត្រ ធ្វើការពិព៌ណនា​ ពន្យល់ និងព្យាករណ៍ចំពោះបាតុភូតផ្សេងៗដែលអាចកើតមានឡើងដោយឈរលើមូលដ្ឋាននៃការប្រមូលនូវភស្តុតាង និងមូលហេតុដែលមានទំនាក់ទំនងគ្នា និងសមាហរណកម្មគ្នាសម្រាប់ការសន្និដ្ឋានឲ្យបានពិតប្រាកដ។ មូលហេតុអាចជាគោលការណ៍ធ្វើឲ្យមានលទ្ធភាពក្នុងការប៉ាន់ប្រមានទៅលើព្រឹតិការណ៍ឲ្យបានត្រឹមត្រូវ។

II- ប្រភេទនៃវិទ្យាសាស្រ្ត
            វិទ្យាសាស្រ្ត ត្រូវបានគេចែកចេញជាពីរប្រភេទសំខាន់ៗ គឺវិទ្យាសាស្រ្តធម្មជាតិ (Natural Sciences) និងវិទ្យាសាស្រ្តសង្គម (Social Sciences)
១-វិទ្យាសាស្ត្រធម្មជាតិ
វិទ្យាសាស្ត្រធម្មជាតិ គឺជាវិទ្យាសាស្ត្រដែលសិក្សាពីលក្ខណៈរូប  វ័ន្តនៃធម្មជាតិ ដូចជាសិក្សាពីឥទ្ធិនៃធម្មជាតិ និងប្រែប្រួលរបស់វា។ ម្យ៉ាងទៀតគេអាចនិយាយឲ្យងាយយល់ថា វិទ្យាសាស្ត្រធម្មជាតិ គឺជាវិទ្យាសាស្ត្រដែលសិក្សាពីបាតុភូតធម្មជាតិ។ មុខវិជ្ជាមួយចំនួននៃវិទ្យាសាស្ត្រធម្មជាតិរួមមានគណិតវិទ្យា រូបវិទ្យា គីមីវិទ្យា តារាវិទ្យា ជីវវិទ្យា
២-វិទ្យាសាស្ត្រសង្គម
វិទ្យាសាស្ត្រសង្គម គឺជាវិទ្យាសាស្ត្រសិក្សាពីទិដ្ឋភាពផ្សេងៗនៃសង្គមមនុស្ស ឬ សិក្សាអំពីបាតុភូតសង្គម។ ដូចបានរៀបរាប់យ៉ាងលំអិតរួចមកហើយនៅជំពូកទី២ថា វិទ្យាសាស្ត្រសង្គមរួមមាន សង្គមវិទ្យា នរវិទ្យា សង្គមកិច្ចវិទ្យា ចិត្តវិទ្យា ប្រវត្តិវិទ្យា  សេដ្ឋកិច្ចវិទ្យា វិទ្យាសាស្ត្រនយោបាយ

No comments:

Post a Comment