Monday, May 14, 2018

ទំនាក់ទំនងសង្គមវិទ្យានិងមុខវិជ្ជាវិទ្យាសាស្ត្រសង្គម (Sociology and Other Social Sciences)

មិនមែនមានតែមុខវិជ្ជា សង្គមវិទ្យា មួយមុខប៉ុណ្ណោះទេ ដែលសិក្សាពីបាតុភូតសង្គម ប៉ុន្តែវាត្រូវបានគេសិក្សារួមគ្នាដោយពួកវិទ្យាសាស្រ្តសង្គមផងដែរ។ មុខវិជ្ជាដែលស្ថិតនៅក្នុងវិទ្យាសាស្ត្រសង្គមជាមួយគ្នារួមមាន៖
មុខវិជ្ជាសង្គមវិទ្យា នរវិទ្យា សង្គមកិច្ចវិទ្យា ចិត្តវិទ្យា ប្រវត្តិវិទ្យា សេដ្ឋកិច្ចវិទ្យា វិទ្យាសាស្រ្តនយោបាយ។ល។​ គ្រាន់តែមុខវិជ្ជាទាំងអស់នោះ មានកម្មវត្ថុ និងវិធីសាស្រ្តនៃការសិក្សាដាច់ដោយឡែកៗពីគ្នាតែប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើយើងធ្វើការប្រៀបធៀបរវាងមុខវិជ្ជាសង្គមវិទ្យា ជាមួយនឹងមុខវិជ្ជាទាំងនោះឃើញថា វាមានលក្ខណៈដូចគ្នា និងខុសគ្នាផងដែរ។ លក្ខណៈដូចគ្នាត្រង់ថា មុខវិជ្ជាទាំងនោះស្ថិតក្នុងក្រុមនៃវិទ្យាសាស្រ្តសង្គមជាមួយគ្នា ប៉ុន្តែវាមានលក្ខណៈខុសគ្នាមួយចំនួនត្រង់ថា មុខវិជ្ជាទាំងនោះមានកម្មវត្ថុសិក្សា វិធីសាស្រ្ត និងទ្រឹស្តីផ្សេងៗពីគ្នា។ សង្គមវិទ្យាបានសិក្សាទៅលើអន្តរកម្មរវាងទិដ្ឋភាពនីមួយៗនៃសង្គមទាំងមូល ចំណែកឯមុខវិជ្ជាផ្សេងៗទៀត បានសិក្សាទៅលើតែទិដ្ឋភាពមួយៗនៃសង្គមដាច់ដោយឡែកពីគ្នាតែប៉ុណ្ណោះ។
ការសិក្សាពីទំនាក់ទំនងរវាងមុខវិជ្ជាសង្គមវិទ្យា និងមុខវិជ្ជាមួយចំនួនទៀតនៃវិទ្យាសាស្ត្រសង្គម បានផ្តល់ឲ្យយើងកាន់តែយល់យ៉ាងច្បាស់ថែមទៀត ទៅលើកម្មវត្ថុនៃការសិក្សា វិធីសាស្ត្រនៃការសិក្សា និងទ្រឹស្តីរបស់សង្គមវិទ្យា។ មុខវិជ្ជានៃវិទ្យាសាស្ត្រសង្គមខ្លះៗក្នុងចំណោមមុខវិជ្ជាវិទ្យាសាស្ត្រសង្គមទាំងឡាយដែលត្រូវបានយកមកបង្ហាញនៅទីនេះរួមមាន 
១-សង្គមវិទ្យា និងនរវិទ្យា
កម្មវត្ថុនៃការសិក្សារបស់នរវិទ្យាចែកជាពីរផ្នែកសំខាន់ៗ គឺនរវិទ្យារូបសាស្រ្ត (Physical Anthropology) និងនរវិទ្យាវប្បធម៌ (Cultural Anthropology)។ នរវិទ្យារូបសាស្រ្ត សិក្សាពីកំណកំណើតនៃអំបូរពូជសាសន៍របស់មនុស្សនៅលើពិភពលោក ដូចជាលក្ខណៈរូបរាង ពណ៌សម្បុរ ទម្រង់មុខមាត់។ល។ ចំណែកឯ នរវិទ្យាវប្បធម៌វិញគឺ ជាមុខវិជ្ជាមួយដែលមានកម្មវត្ថុសិក្សាស្រដៀងគ្នាជាមួយនឹងសង្គមវិទ្យា។ នរវិទ្យាវប្បធម៌ផ្តោតការយកចិត្តទុកដាក់សិក្សាពីដើមកំណើតនៃវប្បធម៌របស់ក្រុមសង្គមនីមួយៗ នៅសម័យបុរាណ ឬ សហគមន៍កុលសម្ព័ន្ធដែលមានសេសសល់រហូតមកដល់បច្ចុប្បន្នកាល ដែលកំពុងរស់នៅតំដន់ដាច់ស្រយាលនានានៅលើពិភពលោក។
ការខុសគ្នាជាចម្បងរវាងមុខវិជ្ជាសង្គមវិទ្យា និងនរវិទ្យានេះនៅត្រង់ថា នរវិទ្យាចាប់អារម្មណ៍សិក្សាទៅលើវប្បធម៌សង្គមបុរាណ (PrimitiveSocieties) ចំណែកឯសង្គមវិទ្យាវិញ មានការយកចិត្តទុកដាក់សិក្សាពីវប្បធម៌សង្គមនៅសម័យបច្ចុប្បន្ន។ ប៉ុន្តែនៅសតវត្ស ទី២០ នរវិទូក៏បានពង្រីកកម្មវត្ថុនៃការសិក្សារបស់ខ្លួនដោយរួមបញ្ចូលទាំងសហគមន៍ និងសង្គមសម័យទំនើបផងដែរដើម្បីពិនិត្យមើលពីការវិវត្តិនៃវប្បធម៌របស់ពូជសាសន៍នីមួយៗ។
ហេតុដូច្នេះហើយ ទើបធ្វើឲ្យមុខវិជ្ជាសង្គមវិទ្យាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធផងដែរជាមួយមុខវិជ្ជានរវិទ្យាវប្បធម៌ ព្រោះសង្គមវិទូត្រូវការទ្រឹស្តីផ្សេងៗរបស់នរវិទូដើម្បីរួមបញ្ចូលគ្នាជាមួយទ្រឹស្តីសង្គមវិទ្យា ក្នុងការឈានទៅយល់បានទាំងស្រុងពីឥរិយាបថរបស់សង្គមបច្ចុប្បន្ន និងដើម្បីពិព៌ណនា ពន្យល់ និងព្យាករណ៍ទៅអនាគតផងដែរ។
២-សង្គមវិទ្យា និងសង្គមកិច្ចវិទ្យា
នៅពេលដែលប្រជាជន និងភ្នាក់ងារជាច្រើនមានការចាប់អារម្មណ៍ក្នុងការកសាងសង្គមឲ្យកាន់តែប្រសើរឡើង មុខវិជ្ជាសង្គមកិច្ចវិទ្យា បានក្លាយទៅជាមុខវិជ្ជាឯកទេសមួយដែលមានកម្មវត្ថុ និងវីធីសាស្រ្តសិក្សាផ្ទាល់ខ្លួន។ គោលបំណងរបស់មុខវិជ្ជានេះគឺ ការសិក្សាពីបញ្ហា និងវិធីនៃការជួយដល់មនុស្ស(បុគ្គល គ្រួសារ សហគមន៍)នៅក្នុងសង្គមទាំងឡាយណាដែលបរាជ័យក្នុងការបំពេញសេចក្តីត្រូវការប្រចាំថ្ងៃដោយខ្លួនឯងដែលត្រូវបានសង្គមកិច្ចវិទូឲ្យឈ្មោះថា“Clients”(​Mary Ann Suppes and Crolin Cryssy Well, 1991)
ការខុសគ្នាជាចម្បងរវាងមុខវិជ្ជាទាំងពីរនេះនៅត្រង់ថា មុខវិជ្ជាសង្គមកិច្ចវិទ្យាចាប់អារម្មណ៍សិក្សាទៅលើតែអន្តរកម្មរវាងបុគ្គល និង  បរិស្ថានសង្គមដែលបង្កើតឲ្យមនុស្សមានបញ្ហា ក្នុងគោលដៅស្វែងរកដំណោះស្រាយដើម្បីជួយឲ្យពួកគេមានសមត្ថភាពអាចសម្រសម្រួលខ្លួនបានទៅនឹងបរិស្ថានដែលគេរស់នៅ។ ចំណែកឯមុខវិជ្ជាសង្គមវិទ្យាវិញ សិក្សាពីគ្រប់ទិដ្ឋភាពនៃឥរិយាបថរបស់មនុស្ស ដើម្បីឈានទៅបង្កើតបានទ្រឹស្តីសម្រាប់ការពន្យល់ពីអន្តរកម្មរវាងបុគ្គល និងឥទ្ធិពលរបស់វាដែលរួមចំណែកដល់ការកំណត់ទៅលើគំរូឥរិយាបថសង្គម និងគំនិត អាកប្បកិរិយា ឬ ចរឹតលក្ខណៈផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ។
នៅពេលដែលមុខវិជ្ជាសង្គមកិច្ចវិទ្យាបានកំពុងធ្វើការអភិវឌ្ឍ នូវ បច្ចេកវិទ្យាដើម្បីជួយដល់អ្នកមានបញ្ហា សង្គមវិទ្យាបានបន្តធ្វើការប្រមូលផ្តុំអង្គនៃពុទ្ធិវិទ្យាសាស្ត្រស្តីពីកត្តាសង្គម និងអន្តរកម្មរបស់វាចំពោះជីវិតសង្គម។ អង្គនៃពុទ្ធិនេះបានក្លាយទៅជាពុទ្ធិដែលមិនអាចខ្វះបានសម្រាប់ការងារសង្គមកិច្ច ហេតុដូច្នេះហើយ សង្គមវិទ្យា និង សង្គកិច្ចវិទ្យាមានការទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធៀងដែរ (Mary Ann Suppes & Carlyn Cressy Wells, 1991)
៣-សង្គមវិទ្យា និងចិត្តវិទ្យា
កម្មវត្ថុនៃការសិក្សារបស់មុខវិជ្ជាចិត្តវិទ្យា ត្រូវបានចែកជាពីរប្រ ភេទសំខាន់ៗគឺ វិទ្យាសាស្រ្តនៃឥរិយាបថ (Behavioral Science) និងការព្យាបាលជម្ងឺផ្លូវចិត្ត (Apply Psychology)។ វិទ្យាសាស្រ្តនៃឥរិយាបថសិក្សាពីបាតុភូតផ្លូវចិត្តរបស់បុគ្គលតាមវ័យ ហើយ Apply Psychology សិក្សាពីវិបត្តិផ្លូវចិត្ត ដើម្បីអភិវឌ្ឍន៍វិធីនៃការព្យាបាលជម្ងឺផ្លូវចិត្ត។
ការខុសគ្នាជាចម្បងរវាងមុខវិជ្ជាទាំងពីរនេះនៅត្រង់ថា មុខវិជ្ជាចិត្តវិទ្យាយកចិត្តទុកដាក់កំណត់ទៅលើឥរិយាបថរបស់បុគ្គល ច្រើនជាងការសិក្សាទៅលើខ្នាតគំរូនៃឥរិយាបថរបស់ក្រុមសង្គម ដែលជាការចាប់អារម្មណ៍របស់សង្គមវិទូ។ ចិត្តវិទូយល់ថា ឥរិយាបថរបស់បុគ្គល មានការវិវត្តន៍ទៅតាមដំណាក់កាលច្បាស់លាស់ ទោះបីពូជសាសន៍ខុសគ្នាក៏ដោយ ចំណែកឯសង្គមវិទូវិញយល់ថា ឥរិយាបថរបស់បុគ្គល មានការវិវត្តន៍ទៅតាមឥទ្ធិពលនៃគំរូឥរិយាបថសង្គមនីមួយៗ ដូច្នេះ កាលណាបុគ្គលរស់ក្នុងសង្គមផ្សេងគ្នា ពួកគេក៏មានខ្នាតគំរូឥរិយាបថខុសគ្នាផងដែរ។
តែទោះជាយ៉ាងនេះក៏ដោយ មុខវិជ្ជាចិត្តវិទ្យាសង្គម (Social Psychology) ក៏បានសិក្សាពីឥទ្ធិពលរបស់បាតុភូតចិត្តរបស់សង្គមមកលើបុគ្គលផងដែរ។ មុខវិជ្ជាចិត្តវិទ្យាសង្គមនេះ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធិជាមួយនឹងសង្គមវិទ្យា។
៤-សង្គមវិទ្យា និងប្រវត្តិវិទ្យា
ប្រវត្តិវិទូមានការចាប់អារម្មណ៍ក្នុងការបង្ហាញ ពីបទពិសេធន៍សំ ខាន់របស់សង្គមមនុស្សនៅអតីតកាល។ គោលបំណងនៃការសិក្សារបស់មុខវិជ្ជាប្រវត្តិវិទ្យា គឺដើម្បីឈានទៅកំណត់ពីមូលហតុ ពីឥទ្ធិពល​ និងពីអន្ថន័យរបស់ព្រឹត្តិការណ៍ទាំងអស់នោះឲ្យបានពិតប្រាកដ។ ប្រ  វត្តិវិទូផ្តល់នូវឯកសារដែលពួកគេបានរកឃើញ ដូចជា ទស្សនៈសង្គម​ ជម្លោះសង្គម​  ចលនាសង្គម ការអភិវឌ្ឍន៍សង្គម ដំណើរការសង្គម បទពិសោធន៍ និងបញ្ហាសង្គមដែលបានកើតឡើងនៅអតីតកាលសម្រាប់អ្នកជំនាន់ក្រោយៗបានដឹង។
អ្នកប្រវត្តិសាស្ត្រ មានការចាប់អារម្មណ៍ទៅលើការកត់ត្រាទុកនូវព្រឹត្តិការណ៍សំខាន់ៗ ប៉ុន្តែមិនមានបំណងព្យាករណ៍អំពីឥទ្ធិពលនៃព្រឹត្តិការណ៍នោះទៅលើជីវិតមនុស្ស ឬ ក៏ធ្វើទូទៅកម្មចំពោះព្រឹត្តិ ការណ៍នោះនៅថ្ងៃអនាគត់ទេ។ តែទោះជាយ៉ាងនេះក្តី ក៏មានអ្នកប្រាជ្ញមួយចំនួនបានផ្តល់នូវអត្ថន័យ គោលបំណង ឬ ដំណើរការខ្លះៗទៅលើព្រឹត្តិការណ៍ទាំងនោះផងដែរ។ ហេតុដូច្នេះហើយ ពួកគេអាចនឹងរៀបចំនូវគោលគំនិតទាំងអស់នោះ ឲ្យមានលក្ខណៈសមហេតុផលដើម្បីយកទៅអនុវត្តន៍ជាសាកលផងដែរ។
ការខុសគ្នាចម្បងរវាងមុខវិជ្ជាប្រវត្តិវិទ្យា និងមុខវិជា្ជសង្គមវិទ្យានៅត្រង់ថា មុខវិជ្ជាប្រវត្តិវិទ្យាបានសិក្សាពីឥរិយាបថរបស់មនុស្សតាមសម័យកាលនីមួយៗនៃអតីតកាល ចំណែកឯមុខវិជា្ជសង្គមវិទ្យាវិញបានសិក្សាពីឥរិយាបថរបស់សង្គមនៅបច្ចុប្បន្នកាល។
ម្យ៉ាងវិញទៀតសង្គមវិទូ ត្រូវការយល់ដឹងពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដូចជាការវិវត្តនៃដំណើការសង្គម ឬ គោលការណ៍ ឬ កត្តាទាំងឡាយណា ដែលធ្វើឲ្យពួកគេអាចយកមកគួមផ្សំជាមួយព្រឹត្តិ ការណ៍បច្ចុប្បន្ន ដើម្បីឈានទៅធ្វើការព្យាករណ៍ពីឥរិយាបថរបស់មនុស្សនៅថ្ងៃអនាគត់ឲ្យបានពិតប្រាកដ។ ឧទាហរណ៍ ការសិក្សាទៅលើឥទ្ធិពលនៃសង្គ្រាមផ្សេងៗក្នុងចំណោមកុលសម្ព័ន្ធ ឬ ក្រុមសង្គម ខុសៗគ្នានៅអតីតកាល និងនិន្នាការបច្ចុប្បន្នកាល អាចធ្វើឲ្យសង្គមវិទូឈានទៅធ្វើទូទៅកម្ម និងព្យាករណ៍ទុកថា វានឹងកើតមានលទ្ធផលដូចគ្នា ប្រសិនបើគេផ្តល់នូវគំរូដូចគ្នា ឬ ស្រដៀងគ្នានៃព្រឹត្តិការណ៍នោះ។
៥- សង្គមវិទ្យា និងសេដ្ឋកិច្ចវិទ្យា
មុខវិជ្ជាសេដ្ឋកិច្ចវិទ្យា គឺជាវិទ្យាសាស្រ្តសង្គមដែលសិក្សាពីវិធីនៃការផលិត របៀបនៃការផ្គត់ផ្គង់ ការផ្តល់សេវាកម្ម វិធីនៃការបែងចែក និងការប្រើប្រាស់ទំនិញ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់សង្គម។ ផ្តើមចេញពីការសិក្សានេះធ្វើឲ្យសេដ្ឋកិច្ចវិទូឈានទៅកំណត់បាននូវវណ្ណៈនៃក្រុមសង្គមផ្សេងៗគ្នា ដូចជា វណ្ណៈក្រីក្រ (Lower Class) វណ្ណៈមធ្យម (Middle Class) និងវណ្ណៈអ្នកមាន (Higher Class)
ការខុសគ្នាជាចម្បងរវាងមុខវិជ្ជាសេដ្ឋកិច្ចវិទ្យា និងមុខវិជា្ជសង្គមវិទ្យានៅត្រង់ថា មុខវិជា្ជសង្គមវិទ្យាសិក្សាតែពីឥទ្ធិពលនៃសេដ្ឋកិច្ចមកលើការបង្កើតគំរូនៃឥរិយាបថសង្គមតាមវណ្ណៈប៉ុណ្ណោះ។ សារៈសំខាន់ដែលចងភ្ជាប់មុខវិជ្ជាសេដ្ឋកិច្ចវិទ្យា និងសង្គមវិទ្យា គឺត្រង់ថាសង្គមវិទូត្រូវការទ្រឹស្តីផ្សេងៗរបស់សេដ្ឋកិច្ចវិទូ ដើម្បីយកមកពន្យល់ពីរបៀបនៃការកំណត់វណ្ណៈសង្គម សម្រាប់ជាមូលដ្ឋានគ្រឹះក្នុងការកំណត់ និងការព្យាករណ៍ពីបម្រែបម្រួលនៃឥរិយាបថរបស់ក្រុមសង្គម។
៦-សង្គមវិទ្យា និងវិទ្យាសាស្ត្រនយោបាយ
កម្មវត្ថុជាចម្បងនៃការសិក្សារបស់មុខវិជ្ជាវិទ្យាសាស្ត្រនយោបាយ គឺសិក្សាពីរបៀបនៃការគ្រប់គ្រងសង្គមឲ្យមានសណ្តាប់ធ្នាប់ សន្តិភាពនិងឲ្យការរីកចម្រើនលើគ្រប់វិស័យដើម្បីមនុស្សជាតិ។ មុខវិជ្ជានេះសិក្សាពីវិធីនៃការជ្រើសរើស និងការប្រើប្រាស់មនោគមន៍វិជ្ជារបស់រដ្ឋាភិបាលក្នុងការទទួលបានអំណាច ការពារអំណាច ប្រើប្រាស់អំណាច ឲ្យមានការគាំទ្រពីសំណាក់អ្នកដែលត្រូវបានខ្លួនគ្រប់គ្រង។
 ការខុសគ្នាជាចម្បងរវាងមុខវិជ្ជាវិទ្យាសាស្ត្រនយោបាយ និងមុខវិជា្ជសង្គមវិទ្យានៅត្រង់ថា មុខវិជា្ជសង្គមវិទ្យាសិក្សាតែពីឥទ្ធិពលនោគមន៍វិជ្ជារបស់រដ្ឋាភិបាលក្នុងការបង្កើតខ្នាតគំរូនៃឥរិយាបថសង្គមប៉ុណ្ណោះ។ សារៈសំខាន់ដែលចងភ្ជាប់មុខវិជ្ជាវិទ្យាសាស្ត្រនយោបាយ និងសង្គមវិទ្យា គឺត្រង់ថា សង្គមវិទូត្រូវការប្រើប្រាស់ពុទ្ធិដែលបានរកឃើញដោយពួកវិទ្យាសាស្រ្តនយោបាយក្នុងការដាក់កំរិតទៅលើតថភាពសង្គម អំពីអ្វីដែរខុស អ្វីដែលត្រូវ អ្វីដែលហាមប្រាម អ្វីដែលអនុញ្ញាតិ…ល។នោះ ធ្វើឲ្យសង្គមវិទូអាចឈានទៅពិព៌ណនា ពន្យល់ និងព្យាករណ៍បានជាទូទៅចំពោះឥរិយាបថរបស់សង្គមនីមួយៗ​ យ៉ាងច្បាស់លាស់ ព្រោះសមាជិកនៃសង្គមនីមួយៗតែងគោរពតាមការដឹកនាំរបស់រដ្ឋ បើទោះបីខ្លួនមិនពេញចិត្តក្តី៕
II- សេចក្តីសង្ខប
មានមុខវិជ្ជាជាច្រើនដែលរួមគ្នាសិក្សាពីឥរិយាបថរបស់មនុស្ស។មុខវិជ្ជាទាំងអស់នោះរួមមានមុខវិជ្ជាសង្គមវិទ្យា នរវិទ្យា សង្គមកិច្ចវិទ្យា ចិត្តវិទ្យា ប្រវត្តិវិទ្យា សេដ្ឋកិច្ចវិទ្យា វិទ្យាសាស្រ្តនយោបាយ។ល។   
ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើយើងធ្វើការប្រៀបធៀបរវាងមុខវិជ្ជាសង្គមវិទ្យា ជាមួយនឹងមុខវិជ្ជាទាំងនោះឃើញថា វាមានលក្ខណៈដូចគ្នាផងដែរត្រង់ថា វាស្ថិតក្នុងក្រុមនៃវិទ្យាសាស្រ្តសង្គមជាមួយគ្នា ហើយវាមានលក្ខណៈខុសគ្នាមួយចំនួនត្រង់ថា សង្គមវិទ្យាបានសិក្សាទៅលើអន្តរកម្មរវាងទិដ្ឋភាពនីមួយៗនៃសង្គមទាំងមូល ចំណែកឯមុខវិជ្ជាផ្សេងៗទៀត បានសិក្សាទៅលើតែទិដ្ឋភាពមួយៗដាច់ដោយឡែកពីគ្នាតែប៉ុណ្ណោះ។
ការសិក្សាពីទំនាក់ទំនងរវាងមុខវិជ្ជាសង្គមវិទ្យា និងមុខវិជ្ជាមួយចំនួនទៀតនៃវិទ្យាសាស្ត្រសង្គម បានផ្តល់ឲ្យយើងកាន់តែយល់យ៉ាងច្បាស់ថែមទៀត ទៅលើកម្មវត្ថុសិក្សា និងវិធីសាស្ត្រនៃការស្រាវជ្រាវរបស់សង្គមវិទ្យា។
មុខវិជ្ជានីមួយៗសុទ្ធតែមានសារៈប្រយោជន៍របស់វារៀងៗខ្លួន។ តែដើម្បីពិព៌ណនា ពន្យល់ និងព្យាករណ៍ពីបាតុសង្គមឲ្យបានគ្រប់ជ្រុងជ្រោយ សង្គមវិទូជានិច្ចកាលតែងត្រូវការប្រើប្រាស់ពុទ្ធិដែលត្រូវបានរកឃើញដោយពួកវិទ្យាសាស្រ្តសង្គមជាមួយគ្នា ដើម្បីសម្រួលដល់ការពន្យល់ និងព្យាករណ៍ឲ្យបានត្រឹមត្រូវ និងទុកចិត្តបាន៕
ប្រភពៈ សៀវភៅសង្គមវិទ្យាទូទៅ (លោកសាស្ត្រាចារ្យ ធីណារឿន(ប្រធានដេប៉ាតឺម៉ង់សង្គមវិទ្យានៃRUPP)

No comments:

Post a Comment