Saturday, May 12, 2018

តើសង្គមវិទ្យាជាអ្វី? (What is Sociology?)

I. អត្ថន័យ និង​និយមន័យសង្គមវិទ្យា
- អត្ថន័យនៃពាក្យសង្គមវិទ្យា
ពាក្យ សង្គមវិទ្យា (Sociology)ក្លាយមកពីភាសាពីររួមបញ្ចូលគ្នា គឺភាសាឡាតាំង “Socious” ដែលមានន័យថា  សង្គម (Society) និងភាសាក្រិច “Logos” ដែលមានន័យថា វិទ្យាសាស្ត្រ (Science)ការសិក្សា (Study)
ប្រសិនគេបង្រួមពាក្យទាំងពីរនេះបញ្ចូលគ្នាទៅ គេនឹងបានអត្ថន័យរួមមួយដែលមានន័យថា សង្គមវិទ្យាជាគឺជា វិទ្យាសាស្ត្រសិក្សាពីសង្គម (Sociology is the Science Study of Society)(Edward Sagain, 1998)។
២-និយមន័យសង្គមវិទ្យា
​  ដូចបានឲ្យអត្ថន័យខាងលើរួចមកហើយថា សង្គមវិទ្យាគឺជា វិទ្យាសាស្ត្រសិក្សាអពីសង្គម។ ប៉ុន្តែ អត្ថន័យនេះ ហាក់មានភាពទូលំទូលាយពេក ព្រោះវាអាចធ្វើឲ្យមានការភាន់ច្រឡំជាមួយអត្ថន័យនៃមុខវិជ្ជាមួយចំនួនទៀតដែលស្ថិតនៅក្នុងវិទ្យាសង្គមជាមួយគ្នា។​ ម្យ៉ាងវិញទៀត វាអាចមានការលំបាកក្នុងការកំណត់ព្រំដែននៃការសិក្សារបស់វាឲ្យបានច្បាស់លាស់។ ហេតុដូច្នេះហើយ ទើបមានសង្គមវិទូជាច្រើន បានខិតខំបញ្ចោញទស្សនៈរបស់ខ្លួនដើម្បីចង្អុលបង្ហាញ ពីនិយមន័យនៃមុខវិជ្ជាសង្គមវិទ្យាដោយផ្អែកលើកម្មវត្ថុ និងវិធីសាស្ត្រនៃការសិក្សាឲ្យបានពិតប្រា​កដ។ ខាងក្រោមគឺជានិយមន័យខ្លះៗត្រូវ បានធ្វើការកត់សំគាល់ដែលមានដូចខាងក្រោម៖
១- លោក អូរហ្គូសកុំ (Auguste​ Comte, 1798-1857)៖ សង្គមវិទ្យាគឺជាការសិក្សាពីក្រិតក្រម្យ ឬ ពីបាតុភូតសង្គមដោយគោរពតាមគោលការណ៍ឬវិធីវិទ្យាសាស្ត្រ (Positivism)
២- លោក ម៉ាក្សវេប៊័រ (Max Weber,1864-1920)៖ សង្គមវិទ្យា គឺជាវិទ្យាសាស្ត្រដែលព្យាយាមបកស្រាយពន្យល់ពីសកម្មភាពរបស់សង្គម (Social Action)។ 
៣-លោក ខាស្សប៊័រ (J.F. Cusber, 1925)៖ សង្គមវិទ្យា គឺជាអង្គនៃពុទ្ធិវិទ្យាសាស្ត្រស្តីអំពីអន្តរកម្មសង្គមមនុស្ស។
៤-   លោក ហ្វាឆាល (H.P.Faichild,1930)៖ សង្គមវិទ្យា គឺជាវិទ្យាសាស្ត្រសិក្សាពីអន្តរកម្មរវាងបុគ្គល និងឥទ្ធិពលនៃមជ្ឈដ្ឋានសង្គមមកលើខ្នាតគំរូនៃការប្រព្រឹត្តិរបស់ពួកគេ។
៥-   លោក ម៉ូរីសជីន្សប៊ឺត (Morris Ginsberg, 1932)៖ សង្គមវិទ្យា គឺជាវិទ្យាសាស្ត្រសិក្សាពីអន្តរកម្មរវាងបុគ្គល និងលទ្ធផលទាំងឡាយដែលកើតចេញពីអន្តរកម្មទាំងនោះ។
៦-   លោក ប៉ាក និងលោក ប៊ើហ្គិស (R.E.Park & F.W. Burgess, 1955)៖ សង្គមវិទ្យា គឺជាវិទ្យាសាស្ត្រសិក្សាពីការប្រមូលផ្តុំ ខ្នាតគំរូនៃឥរិយាបថរបស់សង្គមមនុស្ស។
៧-   លោក ម៉ាក្សអាយវ័រ និងលោក ផេជ (Mac Iver &Page,1945)៖សង្គមវិទ្យា គឺជាការសិក្សាពីប្រព័ន្ធនៃអន្តរកម្មរបស់សង្គម   មនុស្ស។
៨-   លោក ជីដិង្ស (Gidings, 1904)៖ សង្គមវិទ្យា គឺជាប្រព័ន្ធនៃការសិក្សាពីប្រភពដើម ការរីកលូតលាស់ និងការអភិវឌ្ឍនៃខ្នាតគំរូរបស់ស្ថាប័នដូចជា គំរូនៃការសហប្រតិបតិ្តការគ្នាទាំងកាយចិត្ត គំនិត និងលក្ខខណ្ឌនៃសីលធម៌របស់សង្គមមនុស្ស។
៩-   លោក ហារីចនសុន (Hary M. Johnson, 1960) ៖សង្គមវិទ្យា គឺជាវិទ្យាសាស្ត្រដែលជាប់ទាក់ទិនទៅនឹងការសិក្សាពីក្រុមសង្គម ដូចជាសិក្សាពីរចនាសម្ព័ន្ធរបស់វា ឬ គំរូនៃការរៀបចំគ្រប់គ្រង ដំណើរការក្នុងការថែរក្សា ឬ ការប្រែប្រួលទម្រង់នៃអន្តរកម្មរវាងសមាជិកក្រុមទាំងអស់នោះ។
១០- លោក ពើរី (Perry, 1983) ៖ សង្គមវិទ្យា គឺជាប្រព័ន្ធ និងជាវិទ្យាសាស្ត្រសិក្សាពីឥរិយាបថរបស់សង្គមមនុស្ស និងសិក្សាពីប្រព័ន្ធអន្តរកម្មដែលជាបច្ច័យបង្កើតឲ្យមានខ្នាតគំរូនៃឥរិយាបថសង្គមទាំងអស់នោះ។
១១- លោក ហេស្ស (Hess, 1982)៖ សង្គមវិទ្យា មិនគ្រាន់តែសិក្សាពីឥរិយាបថរបស់សង្គមមនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្តោតការយកចិត្តទុកដាក់សិក្សាទៅលើបទដ្ឋាន និងរចនាសម្ព័ន្ធរបស់សង្គម ដោយពិនិត្យមើលទៅលើឥទ្ធិពលនៃមជ្ឈដ្ឋានសង្គមដែលយើងរស់នៅផងដែរ។

ទោះបីនិយមន័យខាងលើ មានលក្ខណៈខុសប្លែកគ្នាខ្លះៗក៏ដោយ ក៏គេសង្កេតឃើញមានចំណុចរួមគ្នាមួយចំនួន ដែលយើងអាចធ្វើទូទៅកម្មបានថា សង្គមវិទ្យា គឺជាប្រព័ន្ធ និងជាវិទ្យាសាស្ត្រសិក្សាពីអន្តរកម្មរវាងបុគ្គល និងអន្តរកម្មសង្គម ដែលបង្កើតឲ្យមានខ្នាតគំរូនៃឥរិយាបថរបស់មនុស្ស។ សង្គមវិទ្យា ក៏សិក្សាពីឥទ្ធិពលនៃមជ្ឈដ្ឋានសង្គម មជ្ឈដ្ឋានធម្មជាតិ (ភូមិសាស្រ្ត និងអាកាសធាតុ) មកលើដំណើរការរបស់សង្គម និងបទពិសោធន៍របស់បុគ្គលផងដែរ។



II. ប្រវត្តិសង្ខបនៃការចាប់កំណើតរបស់សង្គមវិទ្យា
មុខវិជ្ជាសង្គមវិទ្យា បានចាប់បដិសន្ធិឡើងអាស្រ័យដោយស្ថានភាពផេ្សងៗពីគ្នារបស់សង្គមនីមួយៗ នៅលើពិភពលោក។ តែទោះជាយ៉ាងនេះក៏ដោយ វាក៏ត្រូវបានគេស្រាវជ្រាវរកឃើញថា សង្គមវិទ្យាបានចាប់កំណើតមុនគេនៅទ្វីបអឺរ៉ុប។ ​ខាងក្រោមនេះ យើងនឹងលើកយកពីការកើតឡើងនៃសង្គមវិទ្យានៅអឺរ៉ុប នៅអាមេរិក និងនៅកម្ពុជា មកធ្វើការបកស្រាយម្តងមួយៗដូចតទៅ៖
១- សង្គមវិទ្យានៅអឺរ៉ុប
        តាមការស្រាវជ្រាវបានរកឃើញថា សង្គមវិទ្យាបានកើតឡើងមុនគេបង្អស់នៅអឺរ៉ុបក្នុងអំឡុងពេលរវាងចុងសតវត្សទី១៨ និងដើមសតវត្សទី១៩ (ឆ្នាំ១៨៣៨)។ លោក អូរហ្គូសកុំ (Auguste Comte) អតីតទស្សនវិទូសញ្ជាតិបារាំង ត្រូវបានគេចាត់ទុកថា ជាបិតាសង្គមវិទ្យា ពីព្រោះតែគេរកបានឃើញថា គាត់បានបង្កើតពាក្យសង្គមវិទ្យា និងប្រើប្រាស់វាមុនគេ នៅក្នុងស្នាដៃរបស់គាត់ដែលមានចំណងជើងថា “The Course of Positive Philosophy” បោះពុម្ពផ្សាយនៅឆ្នាំ១៨៤២។
តើមានមូលហេតុសំខាន់ៗអ្វីខ្លះដែលនាំឲ្យលោកអូរហ្គូសកុំ (Auguste Comte) បង្កើតសង្គមវិទ្យានេះឡើង?
មានឥទ្ធិពលចម្បងៗ ពីរដែលបានជំរុញឲ្យសង្គមវិទ្យាកើតឡើងមុនគេនៅអឺរ៉ុប គឺបដិវត្តន៍ឧស្សា​ហកម្ម (Industrial Revolution) និងបដិវត្តន៍  នយោបាយ។ បដិវត្តន៍ឧស្សា​ហកម្ម (Industrial Revolution) បានកើតឡើងនៅទីក្រុងឡុងនៃប្រទេសអង់គ្លេសក្នុងរវាងឆ្នាំ១៧៥០-១៩០០ និងបដិវត្តន៍នយោបាយបានកើតឡើងនៅប្រទេសបារាំង (French Revolution) ក្នុងឆ្នាំ១៧៨៩។
ឥទ្ធិពលនៃបដិវត្តន៍ទាំងពីរខាងលើនេះ បានធ្វើឲ្យសង្គមនៅអ៊ឺរ៉ុបនាសម័យនោះមានការផ្លាស់ប្តូរជំនឿសាសនា ពុទ្ធិ ផ្នត់គំនិត  មនោគមន៍វិជ្ជានៃការដឹកនាំ សេដ្ឋកិច្ច និងរបៀបរបបនៃការរស់នៅ។ ឧទាហរណ៍ដូចជាប្រជាពលរដ្ឋបានកាត់បន្ថយពីការជឿលើអាទិទេព ឬ ព្រហ្មលិតទៅរកការពិត និងវិទ្យាសាស្ត្រ​ ពីការផលិតសម្ភារៈប្រើប្រាស់ដោយដៃ (សិប្បកម្ម) ទៅរកការប្រើប្រាស់ម៉ាស៊ីនស្វ័យប្រវត្តិ ពីការធ្វើដំណើរ និងដឹកជញ្ជូនដោយកម្លាំងមនុស្ស និងសត្វទៅជាគ្រៀងចក្រ ពីការបាញ់ព្រួញ កាំបិតទៅជាសាស្រ្តាវុធទំនើបៗ។ល។ លើសពីនេះទៅទៀត មានចលនា  បម្លាស់ទីពីជនបទទៅរស់នៅក្នុងទីក្រុង ប្រែក្លាយឋានៈរបស់ខ្លួនពី​កសិករទៅ​ជាកម្មករ ពីការប្រកបរបរកសិកម្មទៅជាឧស្សាហកម្ម ។ល។​
ការផ្លាស់ប្តូរយ៉ាងឆាប់រហ័សទាំងអស់នេះ បានបង្កឲ្យសង្គមមានការប្រឈមមុខជាមួយនឹងបញ្ហាជាច្រើនដែលត្រូវដោះស្រាយ ជាពិសេសគឺសង្រ្គាមឈ្លានពានដណ្តើមទឹកដី និងអំណាចពីគ្នាទៅវិញទៅមក ស្របគ្នាជាមួយនឹង សង្រ្គាមរវាងវណ្ណៈអធន និងវណ្ណៈមូលធននិយម។ លទ្ធផលនៃសង្រ្គាម បានបណ្តាលឲ្យសង្គមនៅអឺរ៉ុបនាសម័យនោះធ្លាក់ចុះដុនដាបយ៉ាងខ្លាំងលើគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ច​ នយោបាយ សណ្តាប់ធ្នាប់ និងសន្តិសុខសង្គមទាំងមូល។
ដោយសារហេតុផលទាំងនេះហើយ ទើបធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងចំណោមស្រទាប់ទស្សនវិទូ ដែលមានឧត្តមគតិសេ្នហាមនុស្សជាតិ និងសន្តិភាពនាសម័យនោះ បានខិតខំរិះរកមធ្យោបាយដើម្បីដោះស្រាយ​ និងកសាងសង្គមជាតិឡើងវិញ។ ព្រមជាមួយគ្នានោះ លោកអូហ្គូសកុំក៏បានបង្កើតមុខវិជ្ជាសង្គម​វិទ្យានេះឡើង គឺដើម្បីសិក្សាពីជីវិតសង្គម ដោយគោរពទៅតាមគោលការណ៍វិទ្យាសាស្រ្តដែលគាត់ឲ្យឈ្មោះថា វិជ្ជមាននិយម (Positivism) (Hess:1982)


រូបភាពនេះបង្ហាញពីឥទ្ធិពលនៃព្រឹត្តិការណ៍បដិវត្តន៍ឧស្សាហកម្ម និងបដិវត្តន៍នយោបាយ បានធ្វើឲ្យសង្គមនៅអឺរ៉ុបនាសម័យនោះធ្លាក់ដុនដាបលើគ្រប់វិស័យ ទើបធ្វើឲ្យមុខវិជ្ជាសង្គមវិទ្យានេះបានកើតឡើងនៅទីនោះមុនគេ៕ ការចាប់កំណើតរបស់សង្គមវិទ្យា នៅក្នុង ខណៈពេលដែលសង្គមនៅអ៊ឺរ៉ុបមានការប្រែប្រួលយ៉ាងឆាប់រហ័ស ហើយបង្កឲ្យប្រជាកសិករបាត់បង់ដីធ្លី ផ្ទះសម្បែង និងមុខរបរ ក៏បង្ខំចិត្តធ្វើចំណាកស្រុកដើម្បីទៅរកការងារជាកម្មកររោងចក្រ និងជម្រកនៅតំបន់ទីក្រុង ហើយបានប្រឈមមុខជាមួយបញ្ហាសង្គមជាច្រើន ខណៈនោះ សង្គមវិទ្យា ក៏ត្រូវបានកើតឡើង​ ដើម្បីសិក្សា​ពីបញ្ហាសង្គមតាមបែបវិទ្យាសាស្ត្រក្នុងគោលដៅស្វែងយល់ពីមូលហេតុចម្បងៗរបស់សង្គមឲ្យបានពិតប្រាកដ ដើម្បីងាយស្រួលក្នុងការកសាងបាននូវគោលនបាយសម្រាប់ដំណោះស្រាយ និងកសាងសង្គមឡើងវិញ ឲ្យមានប្រសិទ្ធភាពខ្ពស់។ ប្រភពនៃរូបថតៈ John Macionis,(1987, 4th Ed), Sociology Printice Hall, Inc
២- សង្គមវិទ្យា​នៅសហរដ្ឋ​អាមេរិក
សង្គមវិទ្យានៅសហរដ្ឋអាមេរិក ក៏មានឬសគល់ចេញពីគំរូនៃសង្គមវិទ្យា​នៅអឺរ៉ុបផងដែរ។ ប៉ុន្តែ សង្គមវិទ្យានៅសហរដ្ឋ​អាមេរិក ​មានចរិកលក្ខណៈ​មួយចំនួនខុសពី​​សង្គម​​វិទ្យានៅអឺរ៉ុបត្រង់ថា សង្គមវិទ្យា​នៅអឺរ៉ុបបានយកចិត្តទុកដាក់ច្រើនលើការសិក្សាពីបម្រែបម្រួល និងស្ថេរភាពនៃជីវិតសង្គម ចំណែកឯសង្គមវិទ្យានៅសហរដ្ឋអាមេរិកវិញបាន​យក​ចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការសិក្សាទៅ​​លើបញ្ហា​សង្គមដែលបានកើតមាននៅក្នុងទីក្រុងនាសម័យនោះ ហើយក៏បាន​យកលទ្ធផលនៃការសិក្សានោះ មកធ្វើជាគោល​​នយោបាយដើម្បីដោះស្រាយបញ្ហា​ និងអភិវឌ្ឍន៍សង្គមទទួលបានជោគជ័យមុនគេនៅលើពិភពលោកតាំងពីពេលនោះមក។
ម្យ៉ាងវិញទៀត ដោយសារលទ្ធផលនៃការ​អនុវត្ត​គោលនយោ បាយ​ក្នុងការដោះស្រាយបញ្ហាសង្គម ​តាមបែបសង្គមវិទ្យានៅទីក្រុងរបស់សហរដ្ឋអាមេរិកទទួលបានជោគជ័យ​​ ទើបសាស្ត្រាចារ្យ​ជនជាតិ​អាមេរិកកាំងម្នាក់​ឈ្មោះវីលៀមក្រាហាំ (William Graham, 1840-1910) ក៏បានយកមេរៀនសង្គមវិទ្យា​​នេះ ទៅ​បង្រៀន​និស្សិត​អាមេរិកមុនគេនៅសាកល​វិទ្យាល័យយែល (Yale) នាឆ្នាំ១៨៧៦​​​​​​​​​​​​​​​​​​​​​ (Bringeroff, 1985)។
រយៈពេលដប់ប្រាំឆ្នាំក្រោយមក លោកសាំម័រ (Summer) ក៏បានយកមេរៀនសង្គមវិទ្យានេះ ទៅបង្រៀនជាផ្លូវការនៅ​តាមសាកលវិទ្យាល័យនានានៃសហរដ្ឋអាមេរិក ដែលមានចំនួនរហូតដល់ទៅដប់ប្រាំបីសាកលវិទ្យាល័យបន្ថែមទៀត។ ការបង្រៀនមុនដំបូងគេ ត្រូវបានធ្វើឡើងនៅសាកលវិទ្យាល័យជីកាហ្គោ (University of Chicago) ក្នុងឆ្នាំ១៨៩២ ក្រោមការដឹកនាំរបស់លោកអាលប៊ីយុងស្មល(Albion Small)។ គាត់ គឺជាអ្នកដែលបានខិតខំប្រឹងប្រែងធ្វើឲ្យមានការទទួល​ស្គាល់មុខវិជ្ជាសង្គមវិទ្យានៅក្នុងកម្មវិធីសិក្សានៃសហរដ្ឋអាមេរិក ហើយគាត់ក៏ជាអ្នកទីមួយដែរ ដែលបានសរសេរ​សៀវភៅ​សង្គម​វិទ្យា និងជាអ្នកទីមួយដែលបានបង្កើតការសែត​សង្គមវិទ្យាអាមេរិកកាំង។ ក្នុងរយៈពេលតែសែសិបឆ្នាំប៉ុណ្ណោះ សាកលវិទ្យាល័យជីកាហ្គោ បានក្លាយទៅជាកន្លែងដ៏សំខាន់ជាងគេក្នុងពិភពលោក ដ៏ល្បីល្បាញសម្រាប់ការបណ្តុះបណ្តាលនិស្សិតសង្គមវិទ្យាអាមេរិកកាំង (Bringeroff, 1985)។
ចាប់តាំងពីឆ្នាំ១៩៦០មក សាកលវិទ្យាល័យស្ទើរតែទាំងអស់​​នៅសហរដ្ឋអាមេរិក មានដេប៉ាតឺម៉ង់​សង្គមវិទ្យា និងមានប្រហែលជាចិត​សិបសាកលវិទ្យាល័យ មានកម្មវិធីបណ្តុះបណ្តាល​និស្សិតសង្គមវិទ្យាថ្នាក់បណ្ឌិត។
៣- សង្គមវិទ្យានៅ​​កម្ពុជា
ការចាប់បដិសន្ធិនៃមុខវិជ្ជាសង្គមវិទ្យានៅកម្ពុជា មានស្ថានភាពស្រដៀងគ្នាទៅនឹងសង្គមវិទ្យានៅអ៊ឺរ៉ុបនាសតវត្សរ៍ទី១៩ផងដែរ​។ គឺវាកើតឡើងនៅចំពេលដែលស្ថានភាពសង្គមកម្ពុជា កំពុងស្ថិតក្នុងការកែទម្រង់លើគ្រប់វិស័យ ជាពិសេសផ្នែកនយោបាយ(ពីមនោគមន៍វិជ្ជាកុម្មុយនីស ឬ សង្គមនិយមទៅជាលិទ្ធិសេរីប្រជាធិបតេយ្យសេរី) ​និងការកែទម្រង់សេដ្ឋកិច្ច (ពីរបបសេដ្ឋកិច្ចសមូហភាពទៅកាន់សេដ្ឋកិច្ចទីផ្យាសេរី)។
ឥទ្ធិពលនៃការកែទម្រង់នេះ បានធ្វើឲ្យមានការប្រែប្រួលជាជង្ហុកនៃរបៀបរបបរបស់សង្គមខ្មែរ។ ការបង្កើតឲ្យមានកម្មសិទ្ធឯកជនឡើងវិញនាឆ្នាំ១៩៨៨ បានចាប់ផ្តើមទាក់ទាញឲ្យមានការហូរចូលនៃអ្នកវិនិយោគទុនឯកជន មានការរីកដុះ​ដាល​នៃរោងចក្រឧស្សាហកម្ម សណ្ឋា គារ ភោជនីដ្ឋាន ទេសចរណ៍.... នៅក្នុងតំបន់ទីក្រុង។ និន្នាការនេះ បានទាក់ទាញ និងជំរុញឲ្យមានការធ្វើចំណាកស្រុករបស់ប្រជាជនពីជនបទមករស់នៅទីក្រុងដើម្បីស្វែងរកការងារធ្វើ ដែលជាហេតុនាំឲ្យមានកំណើននៃដង់ស៊ីតេប្រជាជនយ៉ាងឆាប់រហ័យនៅទីក្រុង ស្របជា មួយនឹងការប្រឈមមុខជាមួយបញ្ហាជាច្រើន ដូចជាបញ្ហាបរិស្ថាន     អនាម័យ​ ទំនាស់ដីធ្លី គ្រឿងញៀន សណ្តាប់ធ្នាប់ សន្តិសុខ ចរាចរណ៍....។
ស្ថានការណ៍ខាងលើនេះ តម្រូវឲ្យមានការយកចិត្តទុកដាក់យ៉ាងខ្លាំងក្លាក្នុងការស្វែងរកដំណោះស្រាយជាយុទ្ធសាស្រ្តឲ្យមានប្រសិទ្ធភាព។ ដូច្នេះមុខវិជ្ជាសង្គមវិទ្យាក៏ត្រូវបានបង្កើតឡើងដើម្បីធ្វើការសិក្សាបញ្ហាសង្គមតាមបែបវិទ្យាសាស្រ្តជាបន្ទាន់ ក្នុងគោលដៅរួមចំណែកជួយដល់ភ្នាក់ងារផ្សេងៗដែលពាក់ព័ន្ធ យកលទ្ធនៃការសិក្សានេះមកកសាងជាគោលនយោបាយ​ ច្បាប់ និងផែនការសម្រាប់ទប់ស្កាត់ កាត់បន្ថយ និងដោះស្រាយបញ្ហាដើម្បីអភិវឌ្ឍន៍សង្គមខ្មែរយើងឡើងវិញបន្ទាប់ពីខ្ទេចខ្ទាំដោយសារសង្គ្រាម និងរបបប្រល័យពូជសាសន៍។ 
ស្របពេលជាមួយគ្នានោះ ក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏បានសហការគ្នាជាមួយដៃគូអភិវឌ្ឍន៍មកពីសាកលវិទ្យាល័យបូឡូញ៉ានៃប្រទេស អ៊ីតាលី តាមរយៈតំណាងអង្គការមនុស្សលោកថ្មី (New Humanities Organization) ប្រចាំនៅកម្ពុជា បានបើកឲ្យមានដេប៉ាតឺម៉ង់សង្គមវិទ្យាជាផ្លូវការឡើងនៅឆ្នាំ១៩៩៤ ដើម្បីបណ្តុះបណ្តាលនិស្សិតខ្មែរទៅតាមសេចក្តីត្រូវការទីផ្សាការងាររបស់កម្ពុជា ហើយទទួលបានជោគជ័យរហូតមកទល់បច្ចប្បន្នកាលនេះ។​
តែទោះជាយ៉ាងនេះក៏ដោយ គិតមកទល់បច្ចុប្បន្ននេះ មានតែសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានជាតិសង្គមកិច្ចប៉ុណ្ណោះ ដែលមានសិក្សាជំនាញ​សង្គមវិទ្យា ចំណែកឯសាកលវិទ្យាល័យផ្សេងៗទៀតពុំទាន់មានកម្មវិធីសម្រាប់​ធ្វើការបណ្តុះ​បណ្តាលនិស្សិត​ជំនាញ​សង្គមវិទ្យានូវឡើយទេ គឺគ្រាន់តែបានបញ្ចូលមកមុខវិជ្ជានេះ ទៅក្នុងកម្មវិធីសិក្សានៃឯកទេសផ្សេងៗមួយចំនួនតែប៉ុណ្ណោះ។
ជាលទ្ធផលនៃការបណ្តុះបណ្តាល​គិតមកដល់ឆ្នាំ២០១៨នេះ ដេប៉ាតឺម៉ង់សង្គមវិទ្យា​បានបណ្តុះបណ្តាលនិស្សិតកម្ពុជាថ្នាក់បរិញ្ញាត្រ ផ្នែកអាហាររូបករណ៍បានចំនួន២៤ជំនាន់ និងនិស្សិតថ្នាក់បង់ថ្លៃសិក្សា ចំនួន១៨ជំនាន់ ដែលមានចំនួនសរុបទាំងអស់ជិត៣ពាន់នាក់ ព្រមជាមួយនឹងនិស្សិតថា្នក់បរិញ្ញាបត្រជាន់ខ្ពស់ផងដែរ៕

No comments:

Post a Comment